ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូយ៉ាល់កំពង់ធំ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការ វ.ស.ស. នៅក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាច្រើន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា វ.ស.ស. គឺជា ស្ថាប័នរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកសម្របសម្រួលការងារសម្របសម្រួលនៅក្នុងវិស័យសង្គមស៊ីវិល និងបង្កើតឱ្យមានសុខដុមនីយកម្មរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល។ វ.ស.ស. ជំរុញលើកកម្ពស់តួនាទី និងការចូលរួមរបស់អង្គការសង្គមស៊ីវិល ដែលតួអង្គមួយនៅក្នុងចំណោមតួអង្គសំខាន់ៗ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការជំរុញពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល ព្រមទាំងថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់អង្គការសង្គមស៊ីវិលនៅក្នុងខេត្ត សម្រាប់ការចូលរួមជាមួយបណ្តាញ វ.ស.ស.។ ការចូលរួមគ្នាជាបណ្តាញអង្គការសង្គមស៊ីវិលដ៏ធំនេះ បានបង្កើតនូវសក្តានុពលដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍នៅក្នុងវិស័យអង្គការសង្គមស៊ីវិល និងចូលរួមបង្កើនប្រសិទ្ធភាពក្នុងការចូលរួមរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍។ ឯកឧត្តម ក៏បានអំពាវនាវផងដែរ ដល់អង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមកាន់តែសកម្មក្នុងដំណើរការជំរុញការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕