ពិធីសម្ភោធដាក់ឱ្យប្រប្រាស់ផ្លូវក្រាលគ្រួសក្រហម០១ខ្សែប្រវែង២.៤០០ម៉ែត្រ និងស្ពានប្រវែង០៦ម៉ែត្រ សាងសងរួចជាស្ថាពរ ស្ថិតនៅភូមិទំនប់ ឃុំស្រើង កសាងដោយក្រុមហ៊ុន CP

(កំពង់ធំ)÷ ពិធីសំណេះសំណាលរបស់លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឆ្លើយតបតាមសំណូមពររបស់ពួកគាត់ផង បានឯកភាពគ្នាបានសម្រេចធ្វើផ្លូវថ្មី១ខ្សែប្រវែង២.៤០០ម៉ែត្រ និងស្ពានប្រវែង០៦ម៉ែត្រ ស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលកសាងដោយក្រុមហ៊ុនស៊ីភី និងសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅទុកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរចេញ-ចូលប្រកបរបរកសិកម្ម ដឹកកសិផលគ្រប់ប្រភេទ ពិសេសជួយសម្រួលដល់ការធ្វើដំណើរ របស់សិស្សសាលាមករៀន និងចាស់ព្រឹទ្ឋាចារ្យធ្វើដំណើរគោរពបូជានៅវត្តអារាម បានស្រួលក្នុងការធ្វើចរាចរណ៍ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោក សៀង ជីសេង អគ្គនាយកក្រុមហ៊ុន ស៊ី អ៉ី អូមានប្រសាសន៍ថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ក្នុងនោះសមិទ្ធផលនានាថ្មីៗជាច្រើន បានកើតឡើងរួមមាន ផ្លូវគ្រួសក្រហម និងស្ពានមួយកន្លែងដែលពីមុនមកមិនមានផ្លូវល្អ មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរចររាចណ៍។ លើសពីនេះប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលស្រុកប្រាសាទសំបូរ និងរដ្ឋបាលឃុំស្រើង ដែលបានគិតគូពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អភិវឌ្ឍមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

លោក សៀង ជីសេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា ក្រោយពីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ០១ខ្សែ និងស្ពានមួយកន្លែងនេះរួចនឹងប្រគល់ជូនដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ សូមបងប្អូនទាំងអស់គ្នានាំគ្នាជួយថែរក្សាផ្លូវ និងស្ពាននេះឲ្យបានល្អ ប្រើប្រាស់បានយូអង្វែងតទៅ។