លោកជំទាវ ជា សិរី បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចេះថែរក្សាសុខភាពភ្នែក ត្រចៀក ដើម្បី សុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ

(កំពង់ធំ)÷ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) មូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia) មកពិនិត្យនិងព្យាបាល ភ្នែក ត្រចៀក ជូនពុកម៉ែបងប្អូន លោកតាលោកយាយ សារជាថ្មីម្ដងទៀត តាមសំណូម របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងប្រជាពលរដ្ឋនៅស្រុកស្ទោងយើងនេះផ្ទាល់ ដែលរំពឹងថា នឹងមានប្រជាពលរដ្ឋដែលមកពិនិត្យភ្នែក-ត្រចៀក ប្រមាណ ៣,២០០នាក់។ លោកជំទាវក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវចេះថែរក្សានិងយកចិត្តទុកដាក់លើសុខភាពភ្នែក ត្រចៀក ដើម្បីសុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ លោកជំទាវបានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្ដីនឹករឮកពីសំណាក់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំយើងជានិច្ច ហើយឯកឧត្តមបណ្ឌិតនិងលោកជំទាវបានឧបត្ថម្ភថវិកាទាំងស្រុងសម្រាប់ការពិនិត្យនិងព្យាបាលភ្នែកត្រចៀកនៅពេលនេះ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ គឺក្រុមការងារនិងបញ្ជូនទៅព្យាបាលដោយឥតគិតថ្លៃនៅគ្លីនិកឯកទេសជំនាញភ្នែក ត្រចៀក ឯរាជធានីភ្នំពេញ។។

លើសពីនេះលោកជំទាវបានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) មូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia) មកពិនិត្យនិងព្យាបាល ភ្នែក ត្រចៀក ជូនពុកម៉ែបងប្អូន លោកតាលោក យាយ នៅក្នុងស្រុកស្ទោងនាឱកាសនេះសារជាថ្មីម្ដងទៀត តាមសំណូម ។ លោកជំទាវបានបញ្ចាក់បន្ថែមថា នេះជាលើកទី៤ ហើយដែលក្រុមការងារធនាគារជាតិនៅកម្ពុជា បានរៀបចំកម្មវិធីនេះឡើង ប៉ុន្តែជាលើកទីមួយសម្រាប់ស្រុកស្ទោងយើង ក្នុងការពិនិត្យនិងព្យាបាលភ្នែក និងត្រចៀក។

លើសពីនេះទៀតលោកជំទាវ ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកែប្រែស្រុកស្ទោងក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយទៅជាប្រទេសអច្ឆរិយៈប្រកបដោយសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យ ប្រែក្លាយពីតំបន់សង្គ្រាម មកជាតំបន់អភិវឌ្ឍន៍ គួរជាទីមោទនៈបំផុត មានសម្ដេចតេជោគឺមានការអភិវឌ្ឍន៍ ប្រទេសរីកចម្រើន និងរក្សាបាននូវ សុខសន្តិភាពពេញលេញ ដែលបងប្អូនអាចចេញប្រកបរបររកស៊ីចិញ្ចឹមជីវិតបានដោយសេរី ធ្វើឱ្យសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចគ្រួសារមានកំណើនជាបន្តបន្ទាប់ ហើយក៏អាចធ្វើ ដំណើរកំសាន្តបានគ្រប់ទីកន្លែងដោយរីករាយថែមទៀតហើយក៏ជា កិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើក កម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ រួមទាំងទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអា គ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នេះ និងព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីលើកទី១២ ឆ្នាំ ២០២៣ – ASIAN PARA Game 2023ដ៏ជោគជ័យដ៏អស្ចារ្យបំផុតរបស់កម្ពុជា ដែលមិនមែនកើតឡើងដោយចៃដន្យតែជាការខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអត្តពលិកគ្រប់រូបគួបផ្សំនឹង ការគាំទ្រដ៏ពេញទំហឹងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសរបស់ឯកឧត្តម យឹម លាភអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំផងដែរ ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅ២ថ្ងៃគឺនៅថ្ងៃទី១៦-17 ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យរស្មីសោភ័ណស្រុកស្ទោង ខេត្តកំពង់ធំដោយឥតគិតថ្លៃ។